(កំពង់ធំ)៖ យោងតាមទំព័រFacebook របស់ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា ប្រជាពលរដ្ឋ ចំនួន០៧ ឃុំ នៅស្រុកស្ទោង កំពុងប្រឈមនឹងការខ្វះខាតទឹក ហើយត្រូវ រដ្ឋមន្ត្រី បានបញ្ជាឲ្យក្រុមការងាររបស់ក្រសួង តម្លើងម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកពីអាងទឹក៣០កញ្ញា ទម្លាក់ចូលក្នុងស្ទឹងស្ទោង ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។ 

ដោយមើលឃើញពីកង្វះខាតទឹក និងតម្រូវការទឹកជាចាំបាច់ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នារដូវប្រាំងឆ្នាំ២០១៦នេះ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោកលឹម គានហោ បានបញ្ជាឲ្យក្រុមការងារ តម្លើងម៉ាស៊ីនបូមទឹកខ្នាតធំបូមទឹកពីអាងទឹក ៣០កញ្ញា ទម្លាក់ចូលទៅក្នុង ស្ទឹងស្ទោង ដែលកំពុងរីងស្ងួត។

យោងតាមបណ្តាញសង្គមFacebook របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា “ប្រជាពលរដ្ឋជាង ១៣.០០០ គ្រួសារ រស់នៅឃុំចំនួន ០៧ ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងប្រឈម នឹងការខ្វះខាតទឹកប្រើប្រាស់ ដោយសារតែស្ទឹងស្ទោង ត្រូវរីងខះ។ ចំពោះមុខ បញ្ហានេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារ របស់ក្រសួង តម្លើងម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកពីអាងទឹក ៣០ កញ្ញា ទម្លាក់ចូលក្នុងស្ទឹងស្ទោង ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់”។

សូមជម្រាបថា ក្រោមការឧបត្ថម្ភថវិកាពីស្ថានទូតជប៉ុន គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រខ្នាតតូច (Grass Root Project) ចំនួន ០៤កន្លែង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ដំណើរការជាបន្តបន្ទាប់ ក្នុងនោះមាន៖ ១.គម្រោងស្តារឡើងវិញប្រឡាយអន្លង់រូង ស្ថិតក្នុងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានផ្ទៃដីស្រោចស្រព សរុបចំនួន ៤៣៦ ហិកតា ២. គម្រោងស្តារឡើងវិញប្រឡាយស្តៅ ស្ថិតក្នុងឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង មានផ្ទៃដីស្រោចស្រព សរុបចំនួន ៣៥០ ហិកតា ៣. គម្រោងស្តារឡើងវិញប្រឡាយយោធា ស្ថិតក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានផ្ទៃដីស្រោចស្រព សរុបចំនួន ៤២០ ហិកតា ៤.គម្រោងស្តារឡើងវិញប្រឡាយទំនប់លោក ស្ថិតក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានផ្ទៃដីស្រោចស្រព សរុបចំនួន ៤៣៦ ហិកតា។

យោងតាមទំព័រFacebook របស់ក្រសួងធនធានទឹក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ឲ្យដឹងថា ក្នុងទស្សនវិស័យ ដោះស្រាយទឹកសម្រាប់ការងារបង្កបង្កើនផល និងការដោះទឹកជំនន់ ក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងសិក្សាលើគម្រោងដ៏ធំមួយឈ្មោះថា “គម្រោងកែលម្អ ស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ” ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ កណ្តាល និងខេត្តតាកែវ ដែលមានផ្ទៃដីស្រែសរុប ២៥.៨១០ ហិកតា។ បច្ចុប្បន្ន ក្រសួង បាន និងកំពុងសហការជាមួយភាគីជប៉ុន ដើម្បីជំរុញការអនុវត្តឱ្យបានឆាប់រហ័ស។

ក្រសួងធនធានទឹក បញ្ជាក់ថា គម្រោងដ៏ធំនេះ មានអនុគម្រោងចំនួន ៥ គឺ ១.អនុគម្រោងប្រឡាយមេរលាំងជ្រៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ២.អនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ៣.អនុគម្រោងស្ទឹងស្លាគូ ស្ថិតក្នុងខេត្តតាកែវ ៤.អនុគម្រោងប្រឡាយមេលេខ ៣៥ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ៥.អនុគម្រោងស្រះប្រាំបី ស្ថិតក្នុងខេត្តកណ្តាល៕

ក្រសួងធនធានទឹក បូមទឹកពីអាងទឹក៣០កញ្ញា ទម្លាក់ចូលស្ទឹងស្ទោង ជូនពលរដ្ឋជាង១ម៉ឺនគ្រួសារ ប្រើប្រាស់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់