(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញរូបភាពជាច្រើនសន្លឹក បញ្ជាក់ពីបាតុភូតធម្មជាតិ ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិមួយនេះ។ 

ក្រៅពីការបង្ហាញរូបភាពនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ប្រកាសឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នបាតុភូតធម្មជាតិ Thunderstorm។ បាតុភូតធម្មជាតិ Thunderstorm ជាបាតុភូតធម្មជាតិមួយ​​ដែលកើតឡើងព្រមគ្នា នូវ ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ បាតុភូតនេះ ពុំមាន​មធ្យោបាយណាមួយទប់ស្កាត់កុំឲ្យបាតុភូតនោះ កើតឡើងបានទេ។

សូមបញ្ជាក់ថា រូបភាពដែល ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញ រួមមាន៖ រូបភាពទី១ ពពក Cumulonimbus ពេលកើតលើកដំបូង, ទី២ ពពក Cumulonimbus ប្រមូលផ្ដុំកាន់តែធំ, ទី៣ ពពក Cumulonimbus ចាប់ផ្ដើមប្តូរពណ៏ទៅជាខ្មៅ, ទី៤ ពេលមេឃរកកលភ្លៀង, និងទី៥ ពេលចាប់ផ្ដើមធ្លាក់ភ្លៀង។

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ឲ្យដឹងថា មុននឹងបាតុភូត Thunderstorm កើតឡើងណាមួយ តំបន់នោះច្រើនបង្ហាញនូវសញ្ញាណ៖ ១) ធាតុអាកាសមានសភាពក្តៅហប់ ស្អុះស្អាប់ខ្លំាង ខុសពី​ប្រក្រតី។ ២) នៅលើមេឃ មានកកើតនូវពពកម្យ៉ាង ឈ្មោះថា Cumulonimbus។ ពពកប្រភេទនេះ ពេលកកើតដំបូង វាមានរូបរាងធម្មតា បន្ទាប់មកវាមានរាងដូចផ្សិត ហើយប្រែទៅជាពណ៏ខ្មៅ នៅពេលមេឃរកកលភ្លៀង។

បច្ចុប្បន្ន តំបន់ភាគច្រើននៅប្រទេសកម្ពុជា កំពុងរងអាកាសធាតុក្ដៅហួតហែងខ្លាំងលាយឡំនឹងខ្យល់កន្រ្តាក់ជាដើម រហូតខេត្តមួយចំនួនប្រឈមនឹងការខ្វះខាតទឹក ទៀតផង។ ជាក់ស្ដែង កាលរសៀលថ្ងៃទី ២៣ ខែមីនា មានករណីភ្លៀងកក់ខែ ធ្លាក់ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ ក្នុងភូមិសាស្ត្រ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបណ្តាលឱ្យរលំ និងប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ និងកុដិព្រះសង្ឃ។ ប្រជាពលរដ្ឋចំនួន៣១គ្រួសារ ស្ថិតក្នុងសង្កាត់ទួលល្វា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ក៏បានរងគ្រោះដោយខ្យល់កន្ត្រាក់ ផងដែរ ដែលគ្រួសារទាំងនោះ បានទទួលអំណោយ ពីកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃម្សិលមិញ។

ដោយឡែក គិត​ត្រឹម​វេលា​ម៉ោង​៨​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ២០១៦​នេះ អាកាសធាតុ​ក្នុង​រាជធានី​ភ្នំពេញ គេសង្កេតឃើញផ្ទៃ​មេឃ​ស្រទំ​រកកលភ្លៀង​និង​ខ្យល់​ត្រជាក់ បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​ក្នុង​រង្វង់​៣៨-៤០​អង្សា​សេ​ ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ៕

 

 

ក្រសួងជំនាញ បង្ហាញរូបភាពដើម្បីស្វែងយល់ពីបាតុភូតធម្មជាតិ ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់