(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរថៃបានសម្រេចយល់ព្រមផ្អាកសកម្មភាព ចុះត្រួតពិនិត្យទំនិញខ្មែរនៅផ្សាររ៉ុងក្លឿវិញហើយ បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស។ 

សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបានព័ត៌មានអំពីការចុះត្រួតពិនិត្យ ទំនិញនៅផ្សារ៉ុងក្លឿរបស់អាជ្ញាធរថៃ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឱ្យស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តសាកែវ ចុះទៅទីផ្សារ៉ុងក្លឿ ដើម្បីជួយដល់អាជីវករខ្មែរ និងជួយសំរបសំរួលកុំឲ្យមានការប្រឈម ឬការប៉ះទង្គិចកើតឡើងដូចពេលមុនទៀត ហើយថានៅវេលាប្រមាណម៉ោង ១០៖០០នាទីព្រឹក ពេលទទួលបានព័ត៌មានពីការប្រឈមមុខរវាងអាជ្ញាធរថៃ និងអាជីវករខ្មែរ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានរាយការណ៍ជូនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន​ សែន។

ក្រសួងការបរទេស បានអះអាងថា ដោយមានការណែនាំពីសម្តេច ហ៊ុន សែន, លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំអោយអភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ជួបសំរបសំរួលដោះស្រាយជាមួយអាជ្ញាធរថៃ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។ បន្ទាប់ពីការជួបប្រជុំគ្នា រវាងអាជ្ញាធរប្រទេសទាំងពីរ ភាគីថៃបានយល់ព្រមផ្អាក សកម្មភាពត្រួតពិនិត្យតាមសំណូមពររបស់កម្ពុជា។ បន្ទាប់ពីនេះ អាជ្ញាធរកម្ពុជា និងអគ្គកុងស៊ុលកម្ពុជាបានជួបណែនំាឲ្យអាជីវករខ្មែរ បញ្ឈប់ការលក់ដូរទំនិញកម្មសិទ្ធិបញ្ញា ដែលជាការកំណត់ មិនមែនតែនៅប្រទេសថៃប៉ុណ្ណោះទេ តែនៅគ្រប់ប្រទេសទាំងអស់ ហើយដែលប្រជាជនគ្រប់រូបមានកាតព្វកិច្ចត្រូវតែគោរពតាម។

ទន្ទឹមនឹងនេះ ដើម្បីជៀសវាងការកើតមានបញ្ហា ក្រសួងបានអំពាវនាវ ឲ្យអាជីវករខ្មែរយកទំនិញទាំងអស់នោះមកទុកនៅក្នុងទឹកដីកម្ពុជាវិញ ដើម្បីឲ្យបានសមស្របតាមការកំណត់ របស់អាជ្ញាធរថៃ។

សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី៥ ខែមីនាម្សិលមិញ ក្រុមសមត្ថកិច្ចរបស់ថៃ បានបន្តចុះចាប់ទំនិញរបស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ដោយពួកគេអះអាងថា អាជីវករខ្មែរបានលក់ទំនិញ រំលោភកម្មសិទ្ធិបញ្ញា។ ក្រុមអាជីវករខ្មែរ កាលព្រឹកថ្ងៃម្សិលមិញក៏គ្រោងធ្វើបាតុកម្មឆ្លើយតប នឹងការចុះចាប់ឥវ៉ាន់ របស់សមត្ថកិច្ចថៃ ដោយការធ្វើបាតុកម្មនេះ ក្រុមអាជីវករបានមានគ្រោង ប្រមូលផ្តុំគ្នា នៅលើស្ពានមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញឲ្យអាជ្ញាធរជួយដោះស្រាយ និងបានព្រមានបិទព្រំដែន ផងដែរ។

តាមការបញ្ជាក់ពីអភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត កាលព្រឹកថ្ងៃម្សិលមិញ ក៏បានឲ្យដឹងផងដែរថា​ សម្តេច ហ៊ុន សែន នឹងអន្តរាគមន៍ផ្ទាល់ទៅនាយករដ្ឋមន្រ្តីថៃផ្ទាល់ បើសិនការស្វែងរកដំណោះស្រាយ ដែលកម្លាំងសមត្ថកិច្ចថៃ ចុះចាប់ទំនិញអាជីវករខ្មែរ នៅផ្សាររុងក្លឿមិនអាចដោះស្រាយបាន។ រហូតមកដល់ពេលនេះ ខាងថៃបានចុះចាប់ទំនិញរបស់អាជីវកររខ្មែរ ចំនួន៣តូបហើយ ជាតូបលក់ស្បែងជើង និងសម្លៀកបំពាក់ហើយក្នុងមួយតូប យ៉ាងហោចណាស់អស់ប្រមាណ១០លានបាតផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងការទេសកម្ពុជា៖

12814561_1565977737049925_6893107501993064344_n

 

ក្រសួងការបរទេស៖ អាជ្ញាធរថៃយល់ព្រមផ្អាកសកម្មភាពចុះត្រួតពិនិត្យទំនិញខ្មែរនៅផ្សារ៉ុងក្លឿ បន្ទាប់ពីមានការសម្របសម្រួលពីកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់