ភ្លាមៗ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរ ទាំងព្រឹកព្រលឹមនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមករា នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងអំពីករណីគ្រោះថ្នាក់ចរាចរ នេះ និងចូលរួមរំលែកទុក្ខជាមួយគ្រួសាររងគ្រោះស្លាប់ ៣នាក់ និងរងរបួសធ្ងន់ស្រាល៧០នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលទទួលបាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។​

សេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ក្រសួង មានក្ដីរន្ធត់ និង ក្រៀមក្រំយ៉ាងក្រៃលែង ពេលទទួលដំណឹងថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើង នៅវេលាម៉ោង៦:៣០ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ ៤១ នៅចំណុចភូមិយាយត្រកួន ឃុំរកាកោះ ស្រុកគងពិសី (ព្រំប្រទល់ស្រុកគងពីសី និង ស្រុកសំរោងទង) ដែលបណ្ដាលឲ្យកម្មករស្លាប់ ៣នាក់ នៅនឹងកន្លែងកើតហេតុ របួសធ្ងន់ស្រាល ៧០នាក់។

ក្រសួងការងារ បន្តថា សូមចូលរួមរំលែកនូវសេចក្ដីទុក្ខក្រៀមក្រំ ក្ដុកក្ដួល សោកស្ដាយ អាឡោះអាល័យ ជាទីបំផុតជាមួយក្រុមគ្រួសារ និងសាច់ញាតិ និងសូមឲ្យជនរងគ្រោះទាំងអស់ ជាសះស្បើយឆាប់ៗនេះ។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសថា នឹងបញ្ជូនគណៈប្រតិភូទៅសួរសុខទុក្ខ ព្រមទាំងជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មរ កម្មារនី និងក្រុមគ្រួសារ ទៅតាមគោលរបបសន្តិសុខសង្គម របស់បេឡាជាតិរបបសន្តិសុខសង្គម។​

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ មានករណីរថយន្តដឹកកម្មករពីរគ្រឿង បានក្រឡាប់ធ្លាក់ បង្ករឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹមស្ថិតនៅព្រំប្រទល់ស្រុកគងពិសី និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុភ្លាមៗ ដោយមិនទាន់អាចស្រង់ទិន្នន័យបានច្បាស់ លាស់ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា មានមនុស្សប្រមាណ ១០នាក់ស្លាប់ និងប្រមាណ ៦០នាក់រងរបួស។

តែយ៉ាងណា ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរទាំងព្រឹកព្រលឹមថ្ងៃអង្គារនេះ ប្រភពព័ត៌មានពីលោក កែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ជាថ្មី នូវទិន្ន័យចុងក្រោយថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ មានអ្នកស្លាប់៤នាក់ ដោយ៣នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងរងរបួសមួយចំនួន។

លោកស្នងការនគរបាលរូបនោះបានបញ្ជាក់ថា ទីតាំងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅគីឡូម៉ែត្រលេខ១០ ភូមិយាយត្រកួន ផ្លូវលេខ៤១ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ហើយមូលហេតុគឺ៖ មុនពេលកើតហេតុរថយន្តរងគ្រោះទាំងពីរ (ដឹកកម្មករទាំងពីរគ្រឿង) បើកប្រជែងគ្នា, រថយន្តដឹកម្មករ មួយគ្រឿងទៀត បើកពីមុខ តែប្រជែងមិនផុត ក៏ថយក្រោយ រួចបុកគូទរថយន្តនោះ បណ្តាឲ្យក្រឡាប់តែម្តង៕

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរ នៅខេត្តកំពង់ស្ពឺ និងចូលរួមរំលែកទុក្ខ៖

ក្រសួងការងារ

ក្រសួងការងារចូលរួមរំលែកទុក្ខ ករណីគ្រោះថ្នាក់ចរាចរ ទាំងព្រឹកព្រលឹមនៅខេត្តកំពង់ស្ពឺ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់