(​​ភ្នំពេញ)​៖ ​ ​លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (សសយក) ត្រូវ​បាន​​​ក្រុមប្រឹក្សាភិបាល​បោះឆ្នោត ជ្រើស​តាំង​ជា​ប្រធាន​ថ្មី​នៃ​ក្រុមប្រឹក្សា​យុវជន​អាស៊ី (AYC) កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។ ​នេះ​បើ​យោង​តាម​ការ​​ថ្លែង​បញ្ជាក់​របស់ លោក គីម រិទ្ធី អនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ក្នុង​ឱកាស​បើក​វេទិកា​យុវជន​អាស៊ី ​​កាល​ពី​ព្រឹក​មិញ​​នេះ។

​សូម​បញ្ជាក់​ថា នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​នេះ ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ​មាន​ការប្រារព្ធ​​ពិធី​បើក​វេទិកា​យុវជន​អាស៊ី ក្រោម​ប្រធានបទ សន្តិភាព ប្រជាធិបតេយ្យ និង​សហប្រតិបត្តិការ​ក្នុង​តំបន់​ឆ្ពោះ​ទៅ​រក​គោលដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​និរន្តរភាព​ ដោយ​​​​មាន​ការ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ​សម្ដេច​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​។

នៅមុនភាពជោគជ័យនៃការទទួលបានតំណែងប្រធានអង្គការយុវជនកម្រិតតំបន់នេះ លោក ហ៊ុន ម៉ានី ក្នុងនាមប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (សសយក) ទើបទទួលបានពានរង្វាន់អន្តរជាតិមួយ គឺពានរង្វាន់សន្តិភាព (GUSI) ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចំពោះការខិតខំប្រឹងប្រែងរបស់ លោក ហ៊ុន ម៉ានី ក្នុងការងារពាក់ព័ន្ធការថែរក្សាសន្តិភាពសកល ភាពជាអ្នកដឹកនាំយុវជនសកល ការងារមនុស្សធម៌ និងការងារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ។

ក្រុមប្រឹក្សាយុវជនអាស៊ី (AYC) គឺជាអង្គការយុវជនតំបន់ក្រៅរដ្ឋាភិបាល ដែល​ត្រូវ​​​បាន​បង្កើត​ឡើងកាលពីថៃ្ងទី១៤ ខែសីហា ឆ្នាំ១៩៧២ ក្នុងគោលបំណងផ្តល់វេទិការួម​មួយ​ដល់​ថ្នាក់​ដឹក​នាំ​យុវជន និងយុវជន​អាស៊ី ដែលមានគោលបំណងដូចគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម។ សមាជិក​ភាពរបស់ក្រុមប្រឹក្សាយុវជនអាស៊ី​​ រួម​មានអង្គការយុវជនជាតិ ដែលទទួលស្គាល់​ដោយ​រដ្ឋាភិ​បាល​របស់​ខ្លួន៕

កូនប្រុសរបស់សម្ដេចនាយករដ្ឋមន្ត្រី (លោក ហ៊ុន ម៉ានី) ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់