រយៈពេល២ខែទៀត ពោលគឺនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ​ តទៅ នគរបាល​ចរាចរណ៍នឹង​ត្រួតពិនិត្យរ​កឯក​សារស​ម្គា​ល់​យានយន្ត ជាថ្មីឡើងវិញ ដូចជា ប័ណ្ណបើកបរ ប័ណ្ណ​សម្គាល់​យានយន្ត និង​ឈៀក ជាដើម​។​

នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ព្រលប់​ថ្ងៃទី​១៤​ ខែមករា ​ឆ្នាំ២០១៦ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​សម្តេច​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​លើ​ការកែប្រែ​មាត្រាមួយ​ចំនួន ក្នុង​សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។ ក្នុងនោះ  គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏បាន​សម្រេច​ថា ចាប់ពី​ថ្ងៃទី​១៥ ខែមីនា​ខាងមុខនេះ​តទៅ ប៉ូលិស​ចរាចរណ៍ នឹង​ត្រួតពិនិត្យរ​កឯក​សារស​ម្គា​ល់​យានយន្ត ជាថ្មីឡើងវិញ ដូចជា យានយន្ត​គ្មានស្លាកលេខ ប័ណ្ណបើកបរ វិញ្ញាបនបត្រ​ត្រួតពិនិត្យលក្ខណៈបច្ចេក​ទេសយានយន្ត និងការកាត់​ឈ្មោះសម្គាល់​យានយន្ត ជាដើម។ ​ នេះ​បើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​

លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​ និង​ជា​អ្នកនាំពាក្យ​នគរបាល​ជាតិ ត្រូវបាន​ដកស្រង់សម្តី​ថា ចំពោះការ​ផាកពិន័យ​បទល្មើស​ចរាចរណ៍ជាក់ស្តែងដូចជាម៉ូតូ​អត់កញ្ចក់ អ្នកបើកបរម៉ូតូនិងអ្នករួមដំ​ណើរអត់​ពាក់មួកសុវត្ថិភាពនិងយានយន្ត​អត់ស្លាកលេខជាដើមនោះ នគរបាល​ចរាចរណ៍នៅតែធ្វើ​ការផាក​ពិន័យជា​រៀងរាល់ថ្ងៃ។

ជាមួយគ្នា​នោះ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បានបញ្ជាក់​នៅក្រោយ​កិច្ចប្រជុំ​កាលពីថ្ងៃម្សិមិញ ថា នៅពេល​ឆាប់ៗ​ខាងមុខនេះ ប៉ូលិស​ចរាចរណ៍ នឹង​ចុះ​ត្រួតពិនិត្យ​ល្បឿន​យានយន្ត តាម​ដងផ្លូវ ព្រមទាំង​ការពង្រាយ​កម្លាំង​ប៉ូលិស​ចរាចរណ៍ នៅពេល​យប់ៗ ដើម្បី​ត្រួតពិនិត្យ​ករណី​អ្នកបើកបរ​សេព​គ្រឿង​ស្រវឹង​។​

ជាការកត់សម្គាល់ កាកំណត់កាលបរិច្ឆេទយកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ សម្រាប់រឹតបន្តឹងការត្រួតពិនិត្យ យរកឯកសារសម្គាល់យានយន្ត ជាថ្មីឡើងវិញនេះ បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវកែប្រែចំណុចមួយចំនួន ជាពិសេសប័ណ្ណបើកបរ សម្រាប់ម៉ូតូ។ ប្រជាពលរដ្ឋ​ បានរិះគន់​តម្លៃ​ប័ណ្ណ​បើក​បរម៉ូតូ និង​ការ​តម្រូវ​ឲ្យ​យក​ឯកសារ​ម៉ូតូទៅតាមខ្លួន​ជានិច្ចពេលធ្វើដំណើរ។ ការរិះគន់នេះធ្វើ​ឲ្យ​រដ្ឋាភិបាល​ ថ្មីៗនេះ បានសម្រេចមិនតម្រូវឲ្យអ្នកបើកបរម៉ូតូមានកម្លាំងត្រឹម១២៥សេសេចុះក្រោម មានប័ណ្ណបើកបរទេ ដោយបញ្ជាក់ថាជួយកាត់បន្ថយការចំណាយថវិកានិងការលំបាករបស់ប្រជាពលរដ្ឋ។

តាមការបញ្ជាក់ពីលោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ឲ្យដឹងថា ក្នុង​រយៈពេល ១៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១​មករា ដល់​ថ្ងៃទី​១៣​មករា ឆ្នាំ​២០១៦ ដែលជា​ការត្រួតពិនិត្យ​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គឺ​ប៉ូលិស បាន​ផាកពិន័យ​លើ​អ្នកបើកបរ​យានយន្ត​ល្មើសច្បាប់ ដោយ​ទទួលបាន​ទឹកប្រាក់​សរុប ចំនួន​ជាង ៨០០ លាន​រៀល​។ ក្នុងនោះផងដែរ នគរបាល​បាន​ពិនិត្យយាន​យន្តសរុប ៣៧៨​០៥៨គ្រឿង ហើយយាន​យន្តដែលល្មើសនឹង​ច្បាប់​ចរាចរណ៍​មានចំនួន៨៦៧៤៣គ្រឿង តែក្នុងចំណោម​យានយន្តទាំងជាង៨ម៉ឺនគ្រឿងនោះ នគរបាលមិនបានធ្វើការផាកពិន័យទាំងអស់ទេ គឺបានធ្វើការអប់រំ ចំនួន ៤៤៤៣៧គ្រឿង៕

ការត្រួតពិនិត្យរកឯកសារសម្គាល់យានយន្ត នឹងត្រូវអនុវត្តជាថ្មី នៅថ្ងៃទី១៥ ខែមីនា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់