(ភ្នំពេញ)៖ ក្រសួងអប់រំ បានចេញលិខិត ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសេចក្ដីថ្លែងការណ៍របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូ ទូទាំងប្រទេស ចូលរួមធ្វើកូដកម្ម ក្នុងករណីដែល លោក កឹម សុខា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ នឹងត្រូវចាប់ខ្លួន។

ក្នុងលិខិតចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ក្រសួងអប់រំ បានបញ្ជាក់ថា ទង្វើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនមែនជាសហជីពឯករាជ្យ ដែលបម្រើឲ្យផលប្រយោជន៍ របស់បុគ្គលិកអប់រំឡើយ ហើយអង្គភាពមួយនេះ គឺគ្រាន់តែជាកូនជឹងរបស់គណបក្សសង្រ្គោះជាតិ តែប៉ុណ្ណោះ។

ជាការឆ្លើយតប នៅថ្ងៃទី៣១ ខែឧសភានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចេញសេចក្តីថ្លែងការណ៍មួយទៀត ដោយសម្តែងការសោកស្តាយ ចំពោះប្រតិកម្ម របស់ក្រសួងអប់រំ យុវជន និងកីឡា។ សមាគមគ្រូបង្រៀន បានអះអាងថា ខ្លួនគឺជាអង្គការឯករាជ្យ ដែលការពារនិងលើកកម្ពស់ សិទ្ធិសេរីភាពរបស់គ្រូបង្រៀន និងបម្រើផលប្រយោជន៍របស់គ្រូបង្រៀន ក៏ដូចជាសង្គមជាតិទាំងមូលប្រឆាំងដាច់ខាតរាល់អំពើអយុត្តិធម៌នានានៅក្នុងសង្គម។

សូមបញ្ជាក់ថា ដោយសារមិនព្រមចូលខ្លួនតាមដីការកោះ ទាំង២លើក លោក កឹម សុខា ត្រូវតុលាការសម្រេចចោទ តាមមាត្រា៥៣៨ នៃច្បាប់ព្រហ្មទណ្ឌ។ មាត្រានេះ ចែងថា “រាល់បុគ្គលណាដែលត្រូវបាន កោះហៅឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅ ដោយគ្មានមូលហេតុសមស្របនោះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល”។

ករណីរបស់លោក កឹម សុខា នេះ ត្រូវរដ្ឋសភាជាតិ នៅថ្ងៃម្សិលមិញ ដោយមានសំឡេងគាំទ្រភាគច្រើនដាច់ខាត ៦៨លើ៦៨ កូតាសមាជិកសភាបក្សកាន់អំណាច បានសម្រេចអនុម័តឱ្យសមត្ថកិច្ច និងតុលាការបន្តនីតិវិធី ជុំវិញបទល្មើសប្រឆាំងនឹងដីកាកោះហៅ៕

 

ករណីលោក កឹម សុខា៖ ក្រសួងអប់រំ និងសមាគមគ្រូបង្រៀន ថ្លែងការណ៍តទល់គ្នា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់