(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមីនា នេះ អ្នកកាសែត សាន្ត ប៊ុនធឿន ត្រូវព្រះកម្លាំងនគរបាលបញ្ជូនខ្លួនទៅតុលាការ ក្រោយពីមានការសាកសួរជាបន្តបន្ទាប់ ពាក់ព័ន្ធរឿងល្មើសច្បាប់ចរាចរណ៍ និងជេរប្រមាថថ្នាក់ដឹកនាំកំពូល។ 

ក្រោយបញ្ចប់ការសួរនាំរួចមក កាលល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ព្រះអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ លោក គុជ គឹមឡុង បានសម្រេចបញ្ជូនអ្នកកាសែត សាន្ត ប៊ុនធឿន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញវិញ ហើយនៅព្រឹកសុក្រនេះ កម្លាំងនគរបាលបានបញ្ជូនខ្លួនអ្នកកាសែតឈ្មោះ សាន្ត ប៊ុនធឿន មក​ដល់​តុលា​ការ​​ហើយនៅម៉ោងប្រមាណជាង៩៖១៥នាទី​ ព្រឹកថ្ងៃទី១១ ខែមីនានេះ ដើម្បីសាកសួរបន្ត។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការបង្ហាញមុខ ដល់ក្រុមសារព័ត៌មានរួចមក នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ម្សិលមិញ បានបញ្ជូនឈ្មោះ សាន្ត ប៊ុនធឿន មានមុខរបរជាអ្នកកាសែតទៅកាន់តុលាការ ដើម្បីបន្តការសួរនាំ ពីបទប្រមាថថ្នាក់ដឹកនាំកំពូលៗ នៃរាជរដ្ឋាភិបាល និងបើកម៉ូតូមិនគោរពច្បាប់ចរាចរណ៍ពោល មិនពាក់មួកសវុត្ថិភាព ម៉ូតូអត់ស្លាកលេខ និងមានជាតិអាល់កុលខ្ពស់ទៀតផង។

លោក សាន្ត ប៊ុនធឿន ចាងហ្វាយកាសែតស្នេហាជាតិ ប្រធានក្រុមផ្នែកយកព័ត៌មានរបស់គេហទំព័រខ្មែរអាយញូវ និងត្រូវបានគេស្គាល់លើបណ្តាញសង្គម Facebookនោះ ត្រូវបានកម្លាំងនគរបាលនៅគោលដៅត្រួតពិនិត្យចរាចរណ៍តាមផ្លូវជាតិលេខ៤ បញ្ជរបង់ប្រាក់កំបូល ខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួននៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។

មូលហេតុដែលនាំឲ្យមានការឃាត់ខ្លួនអ្នកកាសែតរូបនេះ បានធ្វើឡើងដោយសារតែរូបគេ និងដៃគូម្នាក់ទៀត ជិះម៉ូតូម៉ាក PCX មិនពាក់មួកសុវត្ថិភាព ម៉ូតូអត់ស្លាកលេខ និងមានជាតិអាល់កុល០,៦៤មីល្លិក្រាមក្នុងមួយលីត្រខ្យល់។ លោក ចីវ ហាក់ នាយការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញបានប្រាប់ក្រុមអ្នកយកព័ត៌មានថា កាលយប់មិញ (ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦) កម្លាំងរបស់លោក ដែលស្ថិតនៅតាមគោលដៅក្នុងរាជធានីភ្នំពេញ បានឃាត់ខ្លួនអ្នកបើកបរដែលមានជាតិអាល់កុល ត្រូវច្បាប់បានកំណត់នោះមានចំនួន៩នាក់ ក្នុងនោះអ្នកបើករថយន្ត២នាក់ និងម៉ូតូ៧នាក់ ក្នុងចំណោមនោះក៏មានឈ្មោះ សាន្ត ប៊ុនធឿន ដែលជិះម៉ូតូដឹកគ្នា២នាក់ អត់ពាក់មួកសុវត្ថិភាព ម៉ូតូអត់ស្លាកលេខ និងមានជាតិអាល់កុល។

នាយការិយាល័យរូបនេះ បានបញ្ជាក់ផងដែរថា មិនត្រឹមតែបើកម៉ូតូមិនគោរពច្បាប់ចរាចរណ៍នោះទេ តែបុគ្គលរូបនេះបានប្រើពាក្យប្រមាថថ្នាក់ដឹកនាំកំពូលៗ អសីលធម៌ ទើបកម្លាំងរបស់លោក សម្រេចឃាត់ខ្លួនតែម្តង។ សម្រាប់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញជារៀងរាល់យប់នេះ ត្រូវបានលោក ចីវ ហាក់ លើកឡើងពីការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយបទល្មើស ពីព្រោះ៥ភាគរយនៃជាតិអាល់កុល ជាកត្តាដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ននេះ៕

 

 

កម្លាំងនគរបាលបញ្ជូនអ្នកកាសែត សាន្ត ប៊ុនធឿន ទៅតុលាការ ពាក់ព័ន្ធរឿងល្មើសច្បាប់ចរាចរណ៍ និងជេរប្រមាថ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់