(ភ្នំពេញ) នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឌីមេទ្រី មេដវេដេវ (Dmitry MEVEDEV) នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលធ្វើឡើងនៅនិវេសនដ្ឋាន របស់លោកនាយករដ្ឋមន្ត្រីរុស្ស៊ី នៅទីក្រុងម៉ូស្កូ សហព័ន្ធរុស្ស៊ី។

ក្នុងជំនួបនេះកម្ពុជា និងរុស្ស៊ីបានព្រមព្រៀងគ្នាដើម្បីរិតចំណងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន៨ ដែល​ក្នុងនោះ​រួមមាន​កិច្ច​ព្រៀម​ព្រៀង​លើ វិស័យ​យោធា សន្តិសុខ មហាផ្ទៃ និង​កិច្ចព្រមព្រៀង​ពី​បញ្ហា​ការប្រើប្រាស់​បរិ​មា​ណូ​ដើម្បី​សន្តិសុខ​ជាដើម បន្ថែមលើ​កិច្ចព្រមព្រៀងចំនួន១១ដែលចុះហត្ថលេខាកាលពីខែវិច្ចកា ឆ្នាំ២០១៥ ក្នុងដំណើរទស្សនះកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីនៅកម្ពុជា។

ទន្ទឹមនឹងនោះ សមភាគីរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មេដវេដេវ បានសម្ដែងនូវការរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះខួប៦០ឆ្នាំនៃទំនាក់ទំនងការទូត របស់ប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី ដែលបាននឹងកំពុងបោះជំហានទៅមុខគួរជាទីមោទនភាពបំផុត។

សូមបញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី១៦ ខែឧសភា ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សហព័ន្ធរុស្ស៊ី។ ក្រៅពី​បំពេញ​ទស្សនកិច្ច​ផ្លូវការ សម្តេចក៏​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​មួយ​ដើម្បី​រំលឹក​ខួប​លើក​ទី២០ នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​អាស៊ាន ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅក្នុង​ទីក្រុង Sochi (សូឈី) នៃ​សហព័ន្ធរុស្ស៊ី ចាប់ពី​ថ្ងៃ១៩ ដល់​ថ្ងៃទី ២០ ខែឧសភា​នេះ។

ក្រៅពី​ថ្លែង​អរគុណ​រដ្ឋាភិបាល​រុស្ស៊ី ដែល​បាន​ជួយ​ជួយ​ជ្រោមជ្រែង​កម្ពុជា ទាំង​ផ្នែក​ហិរញ្ញវត្ថុ វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ សម្តេច​ហ៊ុន សែន ក៏បាន​ស្នើ​ដល់​នាយករដ្ឋមន្ត្រី​រុស្ស៊ី​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បន្ថែមទៀត ខណៈដែល​ក្នុងមួយឆ្នាំៗ មាន​និស្សិត​កម្ពុ​ជាជាង១០០នាក់​បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​នឹង​ជួប​ជាមួយ​និស្សិត និង​យោធា​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ជាង៤០០នាក់​ផងដែរ៕

 

កម្ពុជា-រុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ចំនួន៨បន្ថែម ដើម្បីរិតចំណងមិត្តភាពនៃប្រទេសទាំង២

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់