(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ រថយន្តពន្លត់អគ្គិភ័យចំនួន ១១៣គ្រឿង ត្រូវបាននាំចូលមកដល់កំពុងផែស្វយ័តក្រុងព្រះសីហនុហើយ និងត្រៀមចែកចាយទៅតាមបណ្តាស្រុករាជធានីមួយចំនួន ដើម្បីពង្រឹងប្រតិបត្តិការពន្លត់អគ្គិភ័យ។

រថយន្តពន្លត់អគ្គិភ័យទាំង ១១៣គ្រឿងនេះ ត្រូវបានបញ្ជាទិញមកពីក្រុមហ៊ុនអ៊ីស៊ុយហ្សុយ ក្នុងប្រទេសចិន ដែលនឹងត្រៀមចែកចាយទៅតាមបណ្តាខេត្តចំនួន ៩៩គ្រឿង និងរក្សាទុកចំនួន ១៤គ្រឿង នៅនាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ។

លោក នេត វណ្ណថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រថយន្តចំនួន ៩៩គ្រឿង នឹងចែកចាយទៅតាមបណ្តាខេត្ត ហើយនិងចែកចាយបន្តទៅតាមស្រុក ដែលដាច់ស្រយ៉ាល និងប្រឈមគ្រោះអគ្គិភ័យ។ ដោយឡែករថយន្តចំនួន ១៤គ្រឿងទៀត ត្រូវរក្សាទុកនៅនាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើប្រតិបត្តិការពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញ។

លោក នេត វណ្ណថា បានឲ្យដឹងផងដែរថា ការបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យបន្ថែមនេះ ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ លោក ក៏រំពឹងផងដែរថា ក្រោយការបន្ថែមនូវរថយន្តនេះ នឹងជួយធ្វើឲ្យការអន្តរាគមន៍ពន្លត់គ្រោះអគ្គិភ័យ នឹងកាន់តែទាន់ពេលវេលា និងមានប្រសិទ្ធភាពជាងមុន។ តែយ៉ាងណា លោកនៅតែទទូចឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់។ មានតែស្មារតីយកចិត្តទុកដាក់ក្នុងការទប់ស្កាត់គ្រោះអគ្គិភ័យ ឲ្យបានខ្ពស់ពីប្រជាពលរដ្ឋ ទើបជាមធ្យោបាយ ដែលល្អប្រសើរបំផុត។

ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលទិញរថយន្តទាំងអស់នេះ តែលោកបានបញ្ជាក់ថា ការទិញនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមដេញថ្លៃ ពីក្រុមហ៊ុនជាច្រើន។ លោកបន្ថែមថា នៅឆ្នាំ២០១៧ខាងមុខ ក្រសួងនឹងបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យនេះ ចំនួន១១៣គ្រឿងបន្ថែមទៀត។

តាមការបញ្ជាក់ពីលោក នេត វណ្ណថា រយៈពេល៥ខែ ឆ្នាំ២០១៦នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន៣៦២លើក សម្លាប់មនុស្ស១៣នាក់ របួស៨នាក់ បំផ្លាញផ្ទះ៦០១ខ្នង និងតូបលក់ដូចក្នុងផ្សារចំនួន១២២០តូប។ គ្រោះអគ្គិភ័យនេះ កើនឡើង ១៤លើក បើធៀបរយៈពេលគ្នាក្នុងឆ្នាំ២០១៥។ ក្នុងនោះគ្រោះអគ្គិភ័យទាំង៣៦២លើកនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៤៣,២៤ភាគរយ ធ្វេសប្រហែសក្នុងការប្រើប្រាស់ភ្លើង ៣៦,២៤ភាគរយ និងក្តាប់មិនបាន ២០,៥២ភាគរយ៕

រថយន្តពន្លត់ ១ រថយន្តពន្លត់ ២ រថយន្តពន្លត់ ៣ រថយន្តពន្លត់ ៤

 

កម្ពុជា នាំចូលរថយន្តពន្លត់អគ្គិភ័យ ១១៣គ្រឿងទៀត ដើម្បីពង្រឹងប្រតិបត្តិការពន្លត់អគ្គិភ័យ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់