(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ដែលតែងគាំទ្រប្តូរផ្តាច់ក្នុងការស្វែងរកសំឡេងឆ្នោតជូនគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៣នោះ បានប្រកាសធ្វើយុទ្ធនាការនានា ដើម្បីទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានគណបក្សសង្រ្គោះជាតិ។

នៅលើទំព័រFacebook ផ្ទាល់ខ្លួនរបស់កញ្ញា ធី សុវណ្ណាថា ឲ្យដឹងថា រយៈពេល ៣ឆ្នាំកន្លងមកនេះ លោក កឹម សុខា ធ្លាប់បានធ្វើសកម្មភាពជាច្រើន ដើម្បីកម្ចាយកញ្ញាឲ្យចេញពីគណបក្សសង្រ្គោះជាតិ។ កញ្ញាបានសរសេរក្នុងន័យដើម ដូច្នេះថា “ខ្ញុំមិនចង់ប្តឹងលោក កឹម សុខា ទេ ប៉ុន្តែគាត់ជ្រុលខ្លាំងពេក ៣ឆ្នាំហើយ គាត់តែងនិយាយបរិហារ ចោទលាបពណ៌ខ្ញុំ ប្រាប់ទៅតំណាងរាស្រ្ត សមាជិកបក្ស និងម្ចាស់ជំនួយ…។ គាត់បានចេញលិខិតបដិសេធខ្ញុំ ឲ្យអង្គរក្សបណ្តេញខ្ញុំចេញពីលើឆាកវេទិការ បណ្តេញខ្ញុំចេញពីក្បួនហែរបក្ស និងរារាំងសកម្មភាពខ្ញុំជាច្រើនទៀត”។

កញ្ញាបន្ថែមថា “ខ្ញុំបានអត់ធ្មត់ ខាំមាត់ស្រក់ទឹកភ្នែកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនអាចទ្រាំឲ្យ កឹម សុខា មើលងាយជាន់ឈ្លីខ្ញុំទៀតទេ ខ្ញុំនឹងធ្វើយុទ្ធនាការ ទាមទារទម្លាក់លោក កឹម សុខា ឆាប់ៗនេះ…”។

សូមបញ្ជាក់ថា បច្ចុប្បន្នកញ្ញា ធី សុវណ្ណថា ក៏បាននឹងកំពុងប្តឹងលោក កឹម សុខា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទបរិហារកេរ្តិ៍កញ្ញា ដោយទាមទារសំណងប្រមាណ ១លានដុល្លារផងដែរ។ សំណុំរឿងបរិហារកេរ្តិ៍នេះ ព្រះរាជអាជ្ញាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានកោះហៅលោក កឹម សុខា ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ។

កញ្ញា ធី សុវណ្ណថា ត្រូវបានគេដឹងថា ធ្លាប់បានធ្វើសកម្មភាព និងយុទ្ធនាការយ៉ាងសស្រាក់សស្រាំកាលពីឆ្នាំ២០១៣ ក្នុងការស្វែងរកសំឡេងឆ្នោតជូនគណបក្សសង្រ្គោះជាតិ ហើយធ្លាប់បានរិះគន់រាជរដ្ឋាភិបាលកម្ពុជា មិនសំចៃមាត់ផងដែរ។ យ៉ាងណា​ក៏​ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ កញ្ញា ធី សុវណ្ណ​ថា បាន​លើក​ឡើង​ថា កញ្ញា​​ស្រឡាញ់​គណបក្ស​សង្គ្រោះ​ជាតិ ហើយនៅតែគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បើគ្មានលោក កឹម សុខា។

មក​ដល់ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ឧសភានេះ មិន​ទាន់មានការអត្ថាធិប្បាយពី​លោក កឹ​ម សុខា ឬក៏មន្រ្តីគណបក្សសង្រ្គោះជាតិ ​យ៉ាងណានោះទេ ជុំវិញ​ការ​លើក​ឡើង​របស់​កញ្ញា ធី សុវណ្ណ​ថា ខាងលើ​៕

ធី សុវណ្ណថា ៣

កញ្ញា ធី សុវណ្ណថា៖ ខ្ញុំនឹងធ្វើយុទ្ធនាការ ទាមទារទម្លាក់លោក កឹម សុខា ឆាប់ៗនេះ…

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់