(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍នេះ កញ្ញា ធី សុវណ្ណថា បានបញ្ចេញសារមួយទៀតតាមរយៈបណ្ដាញសង្គមរបស់ខ្លួន (Thy Sovantha) ពាក់ព័ន្ធនឹងការដំណើរការទូរទស្សន៍ព្រះអាទិត្យ ដោយលើកឡើងថា កញ្ញានឹងឧបត្ថម្ភមូលនិធី២០ម៉ឺនដុល្លារ ដើម្បីជួយផលិតព័ត៌មានទូរទស្សន៍សង្គ្រោះជាតិ ប្រសិនបើទូរទស្សន៍ព្រះអាទិត្យដំណើរការ។ 

គួរកត់សម្គាល់ថា សារបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់កញ្ញា ធី សុវណ្ណ នាពេលនេះ ជាលើកទី៥ហើយ គិតចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ ពាក់ព័ន្ធនឹងការបង្ហាញជំហរចង់គ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ របស់គណបក្សសង្រ្គោះជាតិ និងធានាជួយផ្គត់ផ្គង់ឲ្យទូរទស្សន៍នេះ ដំណើរការឆាប់ៗ។

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណ បានបង្ហោះសារមានន័យដើមយ៉ាងដូច្នេះថា៖ “បើទូរទស្សន៍សង្គ្រោះជាតិមានដំណើរការខ្ញុំនឹងលក់ដីចំការម្រេចគ្រួសារ ១កន្លែង ដើម្បីបានប្រាក់ ផ្តល់មូលនិធិ ២០ម៉ឺនដុល្លាជួយផលិតព័ត៌មានទូរទស្សន៍សង្គ្រោះជាតិ”។

សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណ ដែលត្រូវគេស្គាល់ថាជាសកម្មជនគាំទ្រសកម្មគណបក្សសង្រ្គោះជាតិ សកម្មមួយរូប នាអាណត្តិបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ មួយរយៈថ្មីៗនេះ ពោលគឺគិតចាប់តាំងពីថ្ងៃទី២៥ ដល់ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមFacebook របស់ខ្លួន ជាបន្តបន្ទាប់ ដូចជា៖ ការស្នើសុំសិទ្ធគ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិដើម្បីលើកស្ទួយ កិត្តិយសសង្គ្រោះជាតិឡើងវិញ រយៈពេល៦ខែ ដោយកញ្ញាអះអាងថានឹងធ្វើឲ្យទូរទស្សន៍សង្គ្រោះជាតិ ដំណើរការឆាប់ៗ, និង ការបង្ហោះសារបង្ហាញពីសកម្មភាពដែលកញ្ញាបានធ្វើចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០១៦នេះ គឺការទទួលមូលនិធិអន្តរជាតិ បើកអង្គការកុមារ ដែលអមជាមួយសាថា “ហេតុអ្វីអ្នកខ្លះ មើលងាយកញ្ញា(ខ្ញុំ)ម្លេះ?”… ជាដើម។

ទន្ទឹមមានការប្រកាសរបស់កញ្ញា ធី សុវណ្ណ ខាងលើ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមតំណាងយុវជនហ្វេសប៊ុករបស់គណបក្សសង្គ្រោះជាតិ បានចេញញតិ្តគាំទ្រ កញ្ញា ធី សុវណ្ណថា ក្នុងការដឹកនាំ និងគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ តាមការស្នើសុំរបស់កញ្ញា ផងដែរ។

តែយ៉ាងណា ក្រោយពីមានការប្រកាសរបស់ ធី សុវណ្ណ ជុំវិញការស្នើសុំគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ គេហទំព័រព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា លោកស្វាគមន៍ក្នុងការចូលរួមធ្វើការបម្រើ​ការងារឲ្យស្ថានីយ៍​ទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិ តែថាប្រសិនបើកញ្ញាចង់បានសិទ្ធិគ្រប់គ្រង លោកថានាងគួរសិក្សាពីពាក្យ “សិទ្ធិគ្រប់គ្រង” និងផ្លូវច្បាប់ឲ្យបានច្បាស់ ជាមុនសិន។

ពាក់ព័ន្ធ​នឹងដំណើរការរៀបចំស្ថានីយទូរទស្សន៍ លោក យ៉ែម បុញ្ញាឫទ្ធិ ឲ្យដឹងថា គណបក្សប្រឆាំងកំពុងរៀបចំទៅតាមនីតិធីច្បាប់ ដោយលោកថា គណបក្សសង្គ្រោះជាតិព្យាយាមឲ្យស្ថានីយទូរទស្សន៍អាចដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០១៦នេះ។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋាភិបាលបាលបានយល់ព្រមផ្ដល់អាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍មួយដល់គណបក្សប្រឆាំង។ គណបក្សប្រឆាំងធ្លាប់អះអាងថា ស្ថានីយទូរទស្សន៍របស់ខ្លួននឹងចាប់ផ្ដើមដំណើរនៅក្នុងឆ្នាំ២០១៥ តែពុំអាចធ្វើទៅបាន។ ទោះយ៉ាងណា គណបក្សប្រឆាំងអះអាងថា ស្ថានីយទូរទស្សន៍នេះនឹងចាប់ផ្ដើមដំណើរការឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧ខាងមុខ៕

កញ្ញាធី សុវណ្ណថា៖ “ខ្ញុំនឹងលក់ដីចំការម្រេចគ្រួសារ១កន្លែង និងផ្តល់ប្រាក់២០ម៉ឺនដុល្លារ បើទូរទស្សន៍សង្គ្រោះជាតិដំណើរការ”

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់