ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស ខេងបានប្រកាសថា ក្រសួងបានត្រៀម កម្លាំងសរុប ប្រមាណ ៣០.០០០នាក់សម្រាប់ប្រចាំការការពារសន្តិសុខ សណ្តាប់ធ្នាប់មុននិងក្រោយ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីធានា បានបរិយាកាសល្អ ក្នុងពេលបោះឆ្នោត។

 

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅស្តីទីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កម្លាំងដែលចូលរួម ការពារសន្តិសុខសណ្តាប់ធ្នាប់ការបោះឆ្នោតនេះ គឺមានការចូលរួមពីនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ។សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈបញ្ជាការ សន្តិសុខអចិន្រ្តៃយ៍ បានបញ្ជាក់ថា ក្រសួងនឹងដាក់ពង្រាយ កងកម្លាំងក្នុងការឈរជើងប្រចាំការក្នុងមួយ ការិយាល័យបោះឆ្នោតគឺចំនួន១០នាក់ សម្រាប់ការិយាល័យបោះឆ្នោតសរុបចំនួន១,៦៣៣ ការិយាល័យនៅទូទាំងប្រទេស។

 

ជុំវិញការដាក់ពង្រាយកម្លាំងនេះដែរលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិ ការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ បានលើកឡើងថា សម្រាប់យុទ្ធនាការបោះឆ្នោត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ នឹងប្រើប្រាស់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល៧ នាក់ ក្នុងមួយឃុំសង្កាត់ និងកម្លាំង៤០នាក់ សម្រាប់អន្តរាគមន៍នៅតាមក្រុង ស្រុក ខណ្ឌ។​លោកនេត សាវឿន បានបន្ថែមថា កម្លាំងត្រៀមអន្តរាគមន៍ភូមិសាស្រ្តខាងក្រៅ ក្នុង ក្រុង ស្រុក ខណ្ឌនីមួយៗសម្រាប់ការការ ពារបោះឆ្នោត និងរាប់សន្លឹកឆ្នោតគឺមានកម្លាំងអាវុធហត្ថចំនួន១០នាក់ និងកងយោធនពលខេមរភូមិន្ទចំនួន១០នាក់។

 

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ គឺមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១២គណបក្ស។ដោយឡែកមានតែគណបក្សចំនួនពីរប៉ុណ្ណោះ​ ដែលបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត នៅគ្រប់ ឃុំ សង្កាត់ នៅទូទាំងប្រទេស ក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ៕

កងកម្លាំងប្រមាណ៣០.០០០នាក់ នឹងដាក់សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងថ្ងៃបោះឆ្នោតខាងមុខនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

leymas

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner banner

មតិយោបល់